កាលបរិច្ឆេទ: ០៦ ធ្នូ ២០២១ / ម្ហូបអាហារ
លោក អ៊ុន សាវង្ស ជាបុគ្គលិលដ៏ឆ្នើមម្នាក់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តជាង ៣០ឆ្នាំធ្វើការជាប់ជាមួយលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង និងបានចូលរួមចំណែកអភិវឌ្ឍក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេលតាំងពីឆ្នាំ១៩៩៣ រហូតដល់ដង្ហើមចុងក្រោយរបស់លោក។ លោក អ៊ុន សាវង្ស ទទួលមរណភាព កាលពីថ្ងៃទី២៥ វិច្ឆិកា ក្នុងជន្មានុ៦៥ឆ្នាំ។
លោកធ្លាប់ជាសាស្រ្តាចារ្យគណិតវិទ្យានៅទសវត្សរ៍ឆ្នាំ១៩៨០ មុនពេលដែលលោកបានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៦។ លោកវង្សបានធ្លាក់ខ្លួនពិការដោយសារមីននៅឆ្នាំ ១៩៨៧ ក្នុងបេសកកម្មមួយនៅភាគពាយព្យនៃប្រទេស។ របួសរបស់គាត់បានរើឡើងបន្តិចម្តងៗ រហូតធ្វើឲ្យគាត់បាត់បង់ជើងទាំងគូរនៅឆ្នាំ ២០០០។
ខណៈដែលកាលណោះ លោកទទួលបានប្រាក់សោធនបន្តិចបន្តួចសម្រាប់ជនពិការក្នុងសង្រ្គាម ហើយលោកក៏បានជួបជាមួយនឹងលោកឧកញ៉ាឱសថបណ្ឌិតនៅឆ្នាំ១៩៩៣ ចំពេលដែលលោកឧកញ៉ាត្រឡប់មកប្រទេសកម្ពុជាដើម្បីបង្កើតឧស្សាហកម្មឱសថឡើងវិញ ក្រោយពីត្រូវបានបំផ្លិចបំផ្លាញដោយសារសង្រ្គាមអស់ពេលជាច្រើនឆ្នាំមក។ ដំបូងឡើយ លោកវង្សធ្វើជាអ្នកបើកឡានឲ្យលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ក្នុងឆ្នាំ១៩៩៥។ បន្តិចម្តងៗ លោកក៏ក្លាយជាសហការីដ៏សំខាន់របស់លោកឧកញ៉ាឱសថបណ្ឌិត។
លោក អ៊ុន សាវង្ស ជាមនុស្សឆ្លាតវាងវៃ ប៉ិនប្រសប់ខាងរៀបចំចាត់ចែងការងារ និងបានប្រើប្រាស់ទេពកោសល្យពហុជំនាញរបស់លោកដើម្បីអភិវឌ្ឍក្រុមហ៊ុនសហគ្រាស។ ក្រោយមក លោកក៏បានក្លាយជាមនុស្សដ៏សំខាន់មិនអាចខ្វះបានសម្រាប់ការបង្កើតសង្វាក់ផលិតកម្មនៅរោងចក្រផលិតឱសថប៉េប៉េអឹមនៅចោមចៅដែលត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ២០០៤ បន្ទាប់ពីការងារសាងសង់ត្រូវបានបញ្ចប់ ហើយលោកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនទៀតដែលបានតាមដានត្រួតពិនិត្យមើលការងារសាងសង់នេះ។
នៅចុងទសវត្សរ៍ឆ្នាំ១៩៩០ ពេលដែលលោកឧកញ៉ាឱសថបណ្ឌិតចាប់ផ្តើមបង្កើតក្រុមហ៊ុនខនហ្វីរេល លោកវង្ស (យើងទាំងអស់គ្នាទម្លាប់ហៅលោកថា លោកវង្សៗ) គឺជាមនុស្សទីមួយដែលបានផ្គត់ផ្គង់ទឹកត្នោតជាងដប់ដើមរបស់លោកដើម្បីឲ្យក្រុមហ៊ុនយកទៅប្រើប្រាស់សម្រាប់ការងារស្រាវជ្រាវ ពិសោធសាកល្បង រហូតឈានទៅទទួលបានជោគជ័យក្នុងការផលិតស្ករត្នោតដែលមានគុណភាពថ្នាក់អន្តរជាតិ។ ក្រោយមក លោកក៏ក្លាយជាបុគ្គលដ៏សំខាន់សម្រាប់ការបង្កើតសមាគមអ្នកផលិតស្ករត្នោតនៅខេត្តកំពង់ស្ពឺ ដែលទទួលបានស្លាកសញ្ញាសម្គាល់ទីតាំងភូមិសាស្រ្ត IGP ហើយវាជាដំណាក់កាលយ៉ាងសំខាន់ដែលផលិតផលខ្មែរមួយនេះត្រូវបានទទួលស្គាល់ថ្នាក់អន្តរជាតិ។
ក្នុងអំឡុងពេលម្ភៃឆ្នាំមកនេះ ប្រទេសកម្ពុជាបានផ្លាស់ប្តូរយ៉ាងខ្លាំង រហូតធ្វើឲ្យយើងពិបាកនឹងនឹកស្រមៃថា នៅទសវត្សរ៍ឆ្នាំ១៩៩០ ធ្វើដំណើរទៅកន្លែងផ្សេងៗទៀតក្រៅពីទីក្រុងភ្នំពេញ គឺជាការប្រថុយប្រថានមួយ ព្រោះគេនឹងអាចជួបចោរប្លន់យកទ្រព្យសម្បត្តិ ឬក៏អាចឈានទៅប្រឈមនឹងការបាត់បង់ជីវិតទៀតផង។ នៅសម័យនោះ លោកវង្សក៏មិនខុសពីមនុស្សផ្សេងទៀតដែលបានធ្វើដំណើរជាមួយលោកទៅគ្រប់ទីកន្លែងផងដែរ គឺសុទ្ធសឹងជាមនុស្សដែលមិនខ្លាចប្រឈមមុខនឹងគ្រោះថ្នាក់ដើម្បីបំពេញការងារ ដើម្បីចូលរួមស្តារ និងអភិវឌ្ឍប្រទេសជាតិឡើងវិញ។ លោកបានលុកលុយស្វែងរកវត្ថុធាតុដើមដើម្បីផលិតស្ករត្នោតកំពង់ស្ពឺ ដែលក្រោយមកក្លាយជាផលិតផលឈានមុខគេនៅក្រុមហ៊ុនខនហ្វីរេល។
ក្នុងអំឡុងពេលជាច្រើនឆ្នាំ លោកវង្សបានប្រើប្រាស់សមត្ថភាពផ្ទាល់ខ្លួនក្នុងតំណែងជានាយកផ្នែករដ្ឋបាល និងកិច្ចការទូទៅ ដើម្បីអភិវឌ្ឍក្រុមហ៊ុនសហគ្រាស។ ជាមួយនឹងទឹកមុខប្រកបដោយស្នាមញញឹមជានិច្ច លោកជាមនុស្សដែលអាចដោះស្រាយរាល់បញ្ហាដែលកើតមានឡើង មិនថាបញ្ហាបច្ចេកទេស ឬបញ្ហាទាក់ទិននឹងមនុស្សឡើយ នៅក្នុងក្រុមហ៊ុនសហគ្រាសមួយដែលមានបុគ្គលិករាប់រយនាក់។
ជារៀងរាល់ថ្ងៃ យើងតែងតែឃើញលោកផ្លាស់ទីពីទីតាំងមួយទៅទីតាំងមួយទៀតនៅក្នុងបរិវេណរោងចក្រ ជាមួយនឹងម៉ូតូឆាលីរបស់លោក ហើយបើមើលតែមួយភ្លែត មិនបានសង្កេតឲ្យមែនទែនទេ យើងមិនដឹងថាលោកពិការជើងឡើយ ហើយសូម្បីតែរូបលោកផ្ទាល់ពេលខ្លះក៏ភ្លេចគិតពីវាដែរ នៅពេលដែលលោកកំពុងបំពេញការងារយ៉ាងស្មោះស្ម័គ្រឲ្យក្រុមហ៊ុនសហគ្រាសរហូតដល់ដង្ហើមចុងក្រោយ។
យើងខ្ញុំដែលជាសហការីទាំងអស់របស់ក្រុមហ៊ុនសហគ្រាសសូមសម្តែងក្តីគោរពសោកស្តាយយ៉ាងក្រៃលែងចំពោះការបាត់បង់លោកវង្សដែលជាបុគ្គលដ៏ឆ្នើម និងចងចាំជានិច្ចនូវគុណូបការៈរបស់លោកដែលមានចំពោះយើងទាំងអស់គ្នា៕